soben_tech

ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ នឹងមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ក្នុងឆ្នាំ២០២៣!

កម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ABU Asia-Pacific Robot Contest (ABU Robocon) 2023 នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាកម្មវិធីប្រកួតរ៉ូបូតក្របខណ្ឌនិស្សិតធំជាងគេនៅតំបន់អាស៊ីប៉ាស៊ីភិក។ ក្រុមរ៉ូបូតចំនួន១៤ដែលជើងឯកមកពី១៣ប្រទេស នឹងមកប្រកួតប្រជែងគ្នាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនោះក៏មានក្រុមកម្ពុជាចំនួន២ក្រុមដែរ។ ABU Asia-Pacific Robot Contest គឺធ្វើឡើងក្នុងគោលបំណងជំរុញវិស្វកម្ម និងបច្ចេកវិទ្យាផ្សព្វផ្សាយនៅក្នុងតំបន់ ក៏ដូចជាពង្រឹងមិត្តភាពក្នុងចំណោមយុវជនដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ គួរបញ្ជាក់ថា កម្មវិធី ABU Asia-Pacific Robot Contest (ABU Robocon) គឺជាការប្រកួតរ៉ូបូតក្របខណ្ឌនិស្សិតនៅតំបន់អាស៊ីប៉ាស៊ីភិក ដែលបង្កើតឡើងក្នុងឆ្នាំ 2002 ដោយសហភាពផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក។ ដោយឡែក ABU Robocon 2023 នឹងរៀបចំឡើងដោយក្រសួងព័ត៌មាន តាមរយៈទូរទស្សន៍ជាតិកម្ពុជា ដែលជាសមាជិកនៃសហភាពផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក (ABU) នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកីឡានៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Google បង្ហាញជំហរចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា

ថ្មីៗនេះ ពិភពលោកបានទទួលស្គាល់កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតមួយ ជាមួយនឹងការកើនឡើង GDP រហូតដល់ ៧៥ពាន់លានដុល្លារ។ លទ្ធផលជាវិជ្ជមាននេះ បានបើកផ្លូវសម្រាប់ការវិនិយោគ នាំមកនូវទំនើបកម្មដ៏សម្បូរបែបសម្រាប់កម្ពុជា និងជាពិសេសលើផ្នែកឌីជីថល ដែលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនាយុគសម័យបច្ចុប្បន្ន។ ជាក់ស្ដែង កិច្ចអភិវឌ្ឍ មិនអាចកាត់ផ្ដាច់ចេញពីបច្ចេកវិទ្យាទំនើបបានឡើយ។ ដោយសម្លឹងឃើញពីសម្ទុះរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Google បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។ ក្នុងជំនួបជាមួយឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Yves Gonzalez បានលើកឡើងអំពីគោលបំណងក្នុងការស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។